July 28, 2019

ក្ដារចុច​​ SpringKey បង្កើត​ឡើង​ដោយ​លោក គ្រុយ វណ្ណា ដែល​រឹត​តែ​ងាយស្រួល​ប្រើ និង​រហ័ស​ក្នុង​ការ​វាយ​អក្សរ​​ខ្មែរ​និង​អង់គ្លេស


មាន​កូន​ខ្មែរ​ជា​ច្រើន​នាក់​ ដែល​ចេះ​បង្កើត​ក្ដារចុច​ សម្រាប់​ប្រើ​លើ​ទូរស័ព្ទ​ Android និង​ iOS ហើយ​ក្ដារចុច​ទាំង​មាន​របៀប​ប្រើប្រាស់ និង​លក្ខណៈ​ពិសេសរៀងៗខ្លួន ។ តែ​សម្រាប់​ក្ដារចុច​ដែល​​លោក គ្រុយ វណ្ណា បាន​បង្កើត​កន្លង​មក គឺ​ត្រូវ​បាន​អ្នក​ប្រើប្រាស់​ទទួល​ស្គាល់​​ ថា​ពិត​ជា​ងាយស្រួល​ប្រើប្រាស់​ ​មាន​ល្បឿន​លឿន និង​មាន​ភាព​ឆ្លាតវៃ​ផង​ដែរ ។

ចូល​ដល់​ពាក់​កណ្ដាល់​ឆ្នាំ 2019 នេះ លោក​បាន​បង្កើត​ក្ដារចុច​មួយ​ប្រភេទ​ទៀត ​ដែល​មាន​ឈ្មោះ​ថា SpringKey ដែល​ក្ដារចុច​នេះ​ប្រើប្រាស់​បច្ចេកវិទ្យា​ចុង​ក្រោយ ដាក់​ឲ្យ​ប្រើ​ដំបូង​សម្រាប់​តែ iOS សិន​ទេ ហើយ​សម្រាប់ Android ត្រូវ​រង់ចាំ​មួយ​រយ់​សិន ។

មាន​រូបរាង SpringKey មាន​សភាព​​​ស្រលះ​ល្អ  តែ​បង្កប់ដោយ​មុខងារ​ថ្មីៗ ដែល​ក្ដារចុច​របស់​បរទេស​ល្បី​ៗ​សព្វ​ថ្ងៃ មិន​មាន​នោះ​ទេ ។ មុខងារ​ទស្សន៍ទាយ​ពាក្យ មាន​មក​ស្រាប់​ក្នុង​ជំនាន់​ដំបូង​នេះ ហើយ​របៀប​ប្រើប្រាស់​រាង​ប្លែក​ថ្មី​ជាង​មុន ដោយ​លោកអ្នក​គ្រាន់តែ​អូស​មក​ខាង​ឆ្វេង​គឺ​លុប ហើយ​អូស​មក​ខាង​ស្ដាំ​គឺ​ស្មើ​នឹង​ដក​ឃ្លា និង​អូស​ឡើង​ទៅ​លើ​ស្មើ​នឹង​ចុច Enter ឬ ​ចុះ​បន្ទាត់ ។


ក្ដារចុច SpringKey មាន​មក​ជាមួយ​មុខងារ​ថ្មី​មួយ​គឺ ការ​បង្ហាញ​ថ្ងៃ​ខែ​ឆ្នាំ​ចន្ទគតិ ដែល​ងាយស្រួល​គ្រាន់​តែ​ចុច​មួយ គឺ​ចេញ​មក​ដោយ​មិន​ចាំបាច់​រក​នឹក​វាយ​នោះ​ទេ ដែល​នេះ​គឺ​ស្រប​ទៅ​តាម​ការ​ចង់​បាន​របស់​​​រដ្ឋាភិបាល ដែល​តម្រូវ​ឲ្យ​គ្រប់​កន្លែង​របស់​រដ្ឋ​ប្រើប្រាស់​ថ្ងៃ​ខែ​ចន្ទគតិ ។

មុខងារ​បង្ហាញ​​ក្រុម​ហ៊ុន​​ទូរស័ព្ទ ដោយ​​គ្រាន់​តែ​​ចុច​​លេខ​​ក្បាល ៣​ខ្ទង់ ដែល​នេះ​យើង​អាច​ប្រើ SpringKey ដើម្បី​ឆែក​មើល​លេខ​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​ណាមួយ ដោយ​ខ្លួនឯង​បាន ។ អាច​ចេញ​រូប Emoji ទៅ​តាម​ពាក្យ​ដែល​បាន​វាយ ឧទាហរណ៍ វាយ​ពាក្យ cool វា​នឹង​ចេញ​​​ Emoji ដែល​ទាក់​ទង​នឹង​ពាក្យ​នោះ និង​មួយ​ទៀត​មាន​មុខងារ​​ម៉ាស៊ីន​គិត​លេខ​មក​ស្រាប់ ដែល​ជួយ​សម្រួល​ក្នុង​ការ​ប្រើប្រាស់​ឲ្យ​កាន់តែ​លឿន​ថែម​ទៀត ។

ក្ដារចុច SpringKey មាន​ចក្ខុវិស័យ​ ក្លាយ​ខ្លួន​ជា​ក្ដារចុច​ឆ្លាតវៃ​ដែល​មាន​ច្រើន​ភាសា និង​ឈរ​លើ​គោល​ជំហរ​ឆ្លាតវៃ ដែល​ពិភពលោក​កំពុង​តែ​ត្រូវការ ។

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក