July 16, 2019

សាច់​គោ​អាំង​​ស្រោច​ទឹកប្រហុក បែប​ប្រពៃណីខ្មែរ (Cambodia Traditional Beef Steak)


៙ គ្រឿងផ្សំ ៖

១- ម្សៅ​រ៉តឌី ឬ ម្សៅ​ប៊ីចេង ១/២ ស្លាបព្រាកាហ្វេ
២- ស្ករស ១/២ ស្លាបព្រាកាហ្វេ
៣- អំបិល ​១/២ ស្លាបព្រាកាហ្វេ
៤- ម្ទេស ៣ ផ្លែ(យើង​អាច​ថែម​បាន​តាម​ចំណូល​ចិត្ត)
៥- ខ្ទឹមស ១ មើម
៦- ប្រហុក​ខ្មែរ ៥០ ក្រាម
៧- សាច់​គោ​ខ្មែរ​យក​សាច់​ជាប់​ខ្លាញ់ ​សម្រាប់​អាំង ០.៥ គីឡូក្រាម (អាច​យក​លើ​នេះ)
៨- ត្រប់ស្រួយ ៥ ផ្លែ
៩- ក្រូច​ឆ្មា ៣ផ្លែ
១០- គល់​ស្លឹកគ្រៃ ៤ គល់
១១- ជីរ​គ្រប់មុខ ៣ក្រាម
១២- ប៊ឺ(ប្រេងឆា) ៥០ មីលីលីត្រ
១៣- ទឹក​ដាំ​ពុះ ១០ មីលីលីត្រ

៙ វិធី​ធ្វើ​ទឹក​ប្រហុក ៖

១- រំលីង ម្ទេស និង​ខ្ទឹមស​ជាមួយ​ឲ្យ​ឆ្អិន​បន្តិច​ រួច​ដួស​ទុក
២- ហាន់​ត្រប់​ស្រួយ​ជា​ចំណិត​ៗ ​រួច​ដួស​ទុក
៣- ចិញ្ច្រាំ​ប្រហុក​ឲ្យ​ម៉ដ្ឋ រួច​ដាក់​ទុក​ក្នុង​ចាន
៤- ហាន់​ក្រូចឆ្មារ​ជា​ចំណិត​ៗ រួច​ដាក់​ទុក​ក្នុង​ចាន
៥- ហាន់​ជីរ​គ្រប់មុខ ​រួច​ដាក់​ទុក​ក្នុង​ចាន

៙ ចាប់ផ្តើម​លាយ​ទឹក​ប្រហុក ៖

៦- បុក​ម្ទេស​ ខ្ទឹមស អំបិល ម្សៅ​រ៉តឌី ឬ ម្សៅ​ប៊ីចេង ស្ករស​ជាមួយ​គ្នា​ឲ្យ​ម៉ដ្ឋ
៧- ដាក់​ត្រប់ ជីរ​គ្រប់មុខ និង​ប្រហុក​ចូល​ច្របល់​ជាមួយ​គ្នា
៨- បន្ទាប់​​ដួស​ដាក់​ចានគោម​ ហើយ​ច្របាច់​ក្រូចឆ្មារ​ចូល ហើយ​ចាក់​ទឹក​ឆ្អិន​ចូល កូរ​ឲ្យ​សព្វ ភ្លក់​មើល​ទៅ​តាម​រសជាតិ​ដែល​ចង់​បាន រួច​ទុក​មួយ​ឡែក​សិន ។

៙ វិធី​អាំង​សាច់​គោ ៖

១- លាង​សាច់​គោ​ឲ្យ​បាន​ស្អាត
២- ហាន់​ជា​កង់​​ធំ​ប្រហែល ៣ធ្នាប់​ដៃ (​ប្រវែង​ទទឹក​ម្រាម​ដៃ)
៣- ប្រឡាក់​អំបិល​តិចៗ និង​អាច​ថែម​ម្រេច​ម៉ដ្ឋ​តិចៗ​ក៏បាន
៤- ដាក់​ខ្ទះ​ឲ្យ​ក្តៅ រួច​ដាក់ ប៊ឺ ឬ ប្រេងឆា​ចូល
៥- បន្ទាប់មក​ដាក់​សាច់​គោ​ចូល
៦- ប្រហែលជា ៤​វិនាទី​ ទៅ ៥វិនាទី​ ត្រលប់​ទៅ​ម្ខាង( ជា​ទូទៅ​គេ​ចម្អិន​នៅ​ឈាម​តិចៗ តែ​អាច​ដាក់​ឆ្អិន​តាម​តម្រូវ​ការ)
៧- ហាន់​សាច់គោ​ជា​ចំណិត​ស្តើងៗ រួច​ដាក់​លើ​ចាន​សំប៉ែត ។
៨- យក​ទឹក​ប្រហុក​ដែល​បាន​លាយ​រួច​ ដួស​ស្រោច​ពីលើ​តាម​ចំណូល​ចិត្ត ៕

សូម​ទស្សនា​វីដេអូ


_________
ប្រភព http://regionalcooking.blogspot.com

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក