June 7, 2019

ឆា​ទ្បូកទ្បាក់​ត្រីខកំប៉ុង

មុន​ចូល​ដល់​ការ​ធ្វើ​ម្ហូប​សូម​ស្វែងយល់​ពី​ពាក្យ ទ្បូកទ្បាក់ និង ឡុកឡាក់ ជាមុន​សិន ៖
ឡុកឡាក់ (កិ.) (យ.) (LÙc Làc “រង្កៀក”) រង្កៀក​ឲ្យ​ផ្អៀង​ចុះ​ផ្អៀង​ឡើង​រឿយ​ៗ : កប៉ាល់​កឿង​នាំ​គ្នា​ឡុកឡាក់​ឲ្យ​របូត​ពី​កន្លែង​ដែល​ជាប់ ។ កិ. ឬ កិ. វិ. (ព. ប្រ.) ធ្វើ​អុកឡុក​វឹកវរ, ធ្វើ​យុកយាក់​ឲ្យ​ជ្រួល​ច្របល់ : វា​នាំ​គ្នា​មក​ធ្វើ​ឡុកឡាក់​ពេញ​ផ្ទះ ។

ឡុកឡាក់ (ន.) ឈ្មោះ​ល្បែង​ស៊ី​សង​មួយ​ប្រភេទ​មាន​គ្រាប់ ៣ សណ្ឋាន​បួន​ជ្រុង​ស្មើ​ភាគ មាន​ភ្នែក​ដូច​មេ​អាប៉ោង, អ្នក​ដែល​ជា​មេ​ដាក់​គ្រាប់​ទាំង​បី​ក្នុង​ចាន​មាន​គម្រប ហើយ​ចាប់​អង្រង់, អ្នក​ចាក់​ត្រូវ​ចាក់​លើ​ផ្ទាំង សំពត់​ឬ​ផ្ទាំង​ក្រដាស មាន​រូប​ដោយ​ស្មាន​តាម​ស្ម័គ្រ​ចិត្ត : ឡុកឡាក់​ជា​ល្បែង​របស់​យួន​ចិន (ម. ព. ឡុកឡាក់ ១ កិ. ផង) ។

ឡូកឡាក់ (ន) ដែល​ខ្ញុំ​សរសេរ​នឹង​ស្រៈ (អូ) វិញ ដើម្បី​កុំ​ឲ្យ​ជាន់​ពាក្យ​ដែល​មាន​ក្នុង​វចនានុក្រម ។ ឡូកឡាក់ ជា​ម្ហូប​បែប​អឺរ៉ុប​ដែល​ខ្មែរ​បម្លែង​មក​ជា​របៀប​ខ្មែរ មាន​បន្ថែ​សាឡាត់​ដាក់​ពីក្រោម និង​សាច់​ឆា​ដាក់​ពី​​លើ ហើយ​អាច​បន្ថែម​គ្រឿង​ផ្សំ​ដូចជា ប៉េងប៉ោះ ដំឡូង​បារាំង​បំពង ពង​ទា​ចៀន ឬ​ច្រូច​ទឹក​ម្រេច​ក្រូច​ឆ្មា​ក៏​បាន ។


៙ គ្រឿង​ផ្សំ ៖

១- ត្រីខ​កំប៉ុង​ធំ ​១​កំប៉ុង
២- ប៉េងប៉ោះ​ទុំ២​ផ្លែ (សូម​កុំ​ប្រើ​ប៉េងប៉ោះ​ខ្ចី)
៣ -ខ្ទឹម​ស​ចិញ្ច្រាំ មួយ​ស្លាបព្រា​បាយ
៤- សាលាដ មួយ​ចាន​ធំ
៥- ស្លឹក​ខ្ទឹម ហាន់​ខ្លីៗ​ល្មម
៦- ប្រេង​ខ្យង​​ កន្លះ​ស្លាបព្រា​បាយ
៧- ប្រេង​ឆា
៨- ស្ករស​ ប៊ីចេង និង​អំបិល បន្តិចៗ

៙ របៀប​ធ្វើ ៖

១. ​រៀប​សាលាដ​ដាក់​ក្នុង​ចាន​ឲ្យ​មាន​របៀប
២. ដាក់​ខ្ទះ​ឲ្យ​ក្ដៅ បន្ទាប់​មក​ចាក់​ប្រេង​ឆា​ចូល រួច​ដាក់​ខ្ទឹម​បំពង
៣. ចាក់​ត្រីខ​ចូល​ (ថែម​ទឹក​បន្តិច)
៤. ដាក់​ស្ករ​ស ប៊ីចេង ប្រេង​ខ្យង អំបិល
៥. ហាន់​ប៉េងប៉ោះ​ ដាក់​ចូល​ច្របល់​ឲ្យ​ស្រពាប់ ប៉ុន្តែ​កុំ​ឲ្យ​បែក​សាច់​ត្រី
៦. ដួស​ដាក់​លើ​ចាន​សាលាដ​ រួច​រោយ​ស្លឹក​ខ្ទឹម​លើ​ជា​ការ​ស្រេច

វីដេអូ​បង្ហាញ​ពី​ការ​ធ្វើ​មួយ​បែប​ទៀត ៖

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក