June 5, 2019

ឆា​​មឹក​អំបិលម្រេច

រូបភាព​តំណាង

របៀប​ឆា​មឹក​គឺ​មាន​ច្រើន​យ៉ាង​ណាស់ តែ​វិធី​នេះ​វា​ចំណាយ​គ្រឿង​ផ្សំ​តិច អាច​ធ្វើ​ក្នុង​ពេល​ដែល​ប្រញាប់​មិន​អាច​ចេញ​ទៅ​ទិញ​គ្រឿង​ផ្សំ​ផ្សេងៗ​បាន យើង​មាន​មឹក​និង គ្រឿង​ផ្សំ​នៅ​ចង្ក្រាន​បាយ​ក៏​អាច​ធ្វើ​បាន​យ៉ាង​ឆ្ងាញ់​ដែរ ។

៙ គ្រឿងផ្សំ ៖

១- មឹក​បន្ទះ​ធំៗ​ស្រស់​ល្អ កន្លះ​គីឡូ
២- ប្រេងឆា៣ស្លាបព្រា
៣- ខ្ទឹមស ៤ដុំធំបកសំបក ចិញ្ច្រាំ​ឱ្យ​ម៉ដ្ឋ
៤- ស្ករ​កន្លះ​ស្លាបព្រា​កាហ្វេ
៥- ម្រេចម៉ដ្ឋ១ស្លាបព្រាកាហ្វេ
៦- អំបិល២ស្លាបព្រាកាហ្វេ
៧- សាឡាដ១៥ក្រាម
៨- ប៉េងប៉ោះ​ហាវ៉ៃ ១០០ក្រាម
៩- ក្រូចឆ្មា២-៣ចំណិត
១០- ទឹកក្រូចឆ្មា២ស្លាបព្រាកាហ្វេ ។

៙ វិធី​ធ្វើ ៖

១- ហាន់មឹកប៉ុន១ថ្នាំងដៃ បើ​ឆូតៗ​សាច់​មឹក​ក៏​កាន់​តែ​ល្អ ។
២- លាយ​បញ្ចូល​គ្នា មឹក ប្រេងឆា ខ្ទឹមស ស្ករ និង​អំបិល​កន្លះ​ស្លាបព្រា និង​ម្រេច គ្រប​ទុក​ឱ្យ​ត្រជាក់ ២០នាទី។
៣- រៀប​សាលាដ ប៉េងប៉ោះ លើ​ចាន​សំប៉ែត​ធំ ។
៤- ដាំ​ខ្ទះ​ឱ្យ​ក្តៅ ​ដាក់​ប្រេង​ឆា​ចូល​ឲ្យ​ក្ដៅ ហើយ​ឆា​មឹក​ដែល​លាយ​គ្រឿង​ចូល​គ្នា​រួច ដោយ​កំដៅ​ភ្លើង​ក្តៅ​ខ្លាំង ឆា​ប្រែ​ចុះ ប្រែ​ឡើង ១-២នាទី ឬ រហូត​ទាល់តែ​មឹក​ប្រែ​ពណ៌​ស​បន្តិច រួច​រក្សា​ខ្ទះ​ឱ្យ​ក្តៅ​ខ្លាំង​ដដែល តែ​កុំ​ចំអិន មឹក​យូរ​ពេក ឬ រហូត​ដល់​ក្រៀម ។
៥- ចាក់​ទឹក​ក្រូចឆ្មារ​ចូល អំបិល ម្រេច ដែល​នៅ​សល់​រោយ​ពីលើ​ជាការស្រេច៕


Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក