June 13, 2019

របៀប​ធ្វើ​ទឹកម្ទេស​ដោយ​ខ្លួនឯង


សព្វថ្ងៃ​នេះ​យើង​សង្កេត​ឃើញ​នៅ​តាម​​តូប​អាហារ ហាង​អាហារ​ និយម​ដាក់​ឲ្យ​ភ្ញៀវ​ពិសារ​នូវ​ទឹក​ម្ទេស​ដែល​ផលិត​នៅ​កម្ពុជា​យើង ដែល​មាន​រសជាតិ​ហិល​តិចៗ​និង​ផ្អែក​ល្មម ។ តែ​កន្លង​មក​ធ្លាប់​មាន​ឮ​ព័ត៌មាន​ ដែល​និយាយ​អំពី​ការ​ លួច​ផលិត​ទឹក​ម្ទេស​តាម​បែប​គីមី​ ដោយ​មិន​បាន​ត្រួតពិនិត្យ​និង​អនុញ្ញាត​ដោយ​ក្រសួង ទាំង​នៅ​ប្រទេស​យួន​និង​ខ្មែរ ។ ដូច្នេះ​ការ​ធ្វើ​ទឹក​ម្ទេស​សម្រាប់​ទទួលទាន​ខ្លួនឯង​គឺ​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​សុខភាព ។ ខ្មែរ​យើង​ចូលចិត្ត​ធ្វើ​ទឹក​ម្ទេស​សម្រាប់​ហូប​នៅ​ផ្ទះ​នៅ​ពេល​រដូវ​សម្បូរ​ម្ទេស​ដែល​តម្លៃ​រាង​ធូរ​ថ្លៃ​ជាង​ពេល​ធម្មតា ។

៙ គ្រឿងផ្សំ ៖
១- ម្ទេស​ប្លោក​ទុំ (កាត់​ទង​ចេញ) ១គីឡូ
២- ម្ទេសដៃនាង ទុំ (បេះ​ទង​ចេញ) ១គីឡូ
៣- ខ្ទឹមស២០មើម
៤- ទឹកខ្មេះ២០វែក
៥- អំបិល២០ស្លាបព្រាកាហ្វេ
៦- ស្ករ២០ស្លាបព្រាបាយ

៙ របៀប​ធ្វើ ៖
១- យក​ម្ទេសប្លោក​ទុំ និង ម្ទេសដៃនាង​ទុំ យក​ទៅ​លាង​ឲ្យ​ស្អាត ដាក់​ស្រុះ​ទឹក​ក្តៅ ១​នាទី ហើយ​ស្រង់​ចេញ សម្រស់​ឲ្យ​ស្រស់​ទឹក។ កុំ​ស្រុះ​យូរ​ជាង​នេះ នាំ​ឲ្យ​ម្ទេស​រលួយ ខូច​រសជាតិ ។
២- យក​ម្ទេស​សម្រស់​នេះ ទៅ​កិន​ជាមួយ​មើម​ខ្ទឹមស ឲ្យ​ម៉ដ្ឋខៃ​ចូល​សាច់​គ្នា ។
៣- ចាក់​ទឹក​ខ្មេះ​ចូល លាយ​ឲ្យ​សព្វ ទុក​ចោល​បី​ម៉ោង ។
៤- ចាក់​ស្ករ​និង អំបិល​ចូល កូរ​ឲ្យ​សព្វ ទើប​ដួស​ដាក់​កែវ​ទុក​ក្នុង​ទូទឹកកក (ផ្នែក​ត្រជាក់​ធម្មតា) ទុក​បាន​យូរ​អាទិត្យ ។
៥- សូម​កុំ​ដាក់​ម្ជូរ​ក្រូចឆ្មារ ព្រោះ​នាំ​ឲ្យ​ឆាប់​ផ្អូម ដុះផ្សិត ខូចគុណភាព ។

៙ បញ្ជាក់ ៖
៦- សម្រាប់​សាច់​ម្ទេស​កិន យើង​ចង់​យក​ចេញ​ក៏​បាន មិន​យក​ក៏បាន ។ បើ​យក​គ្រាប់​ចេញ ទឹកម្ទេស​នឹង​មាន​សាច់​ម៉ដ្ឋ​ស្អាត តែ​មិន​សូវ​ហីរ ។ បើ​ទុក​គ្រាប់​កិន​ជាមួយ ទឹកម្ទេស​នឹង​មាន​ភាព​គគ្រើម​បន្តិច ប៉ុន្តែ​ហឹរ​ល្អ។
៧- បើ​យក​ម្ទេស​កិន​ត្រាំ​ទឹក​ខ្មេះ​សុទ្ធ យើង​អាច​ទុក​បាន​រាប់​ខែ មិន​ដុះផ្សិត។ តែ​នៅ​ពេល​បរិភោគ យើង​ត្រូវ​យក​ទៅ​លាយ​អំបិល​ស្ករ​សិន ។ បើ​លាយ​អំបិល​និង​ស្ករ​ហើយ ទុក​បាន​ប្រហែល​ពីរ​អាទិត្យ៕
___________________
អ្នក​ស្រី កែវ ច័ន្ទបូរណ៍

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក