June 21, 2019

កង្កែប​ឆា​គ្រឿងជាមួយ​ត្រកួនចិន


៙ គ្រឿងផ្សំ ៖

១- កង្កែប ៥ក្បាល ។
២- គ្រឿង​បុក : (គល់​ស្លឹកគ្រៃ, ស្លឹក​ក្រូចសើច, ខ្ទឹមស, ម្ទេស​ស្រស់, រមាត, និង​ខ្ជាយ បុក​ចូល​គ្នា​ឲ្យ​ម៉ត់) ។
៣- ត្រកួនចិន កន្លះ​គីឡូក្រាម ។
៤- ទឹកត្រី​បន្តិច,​ ស្ករ​ត្នោត​ឲ្យ​ច្រើន​បន្តិច, និង ប៊ីចេង​បន្តិច ។

៙ របៀប​ធ្វើ ៖

១- ជា​ដំបូង​ត្រូវ​លាង និង​យក​គ្រឿងក្នុង​កង្កែប​ចេញ​ឲ្យ​អស់​ពី​ពោះ,​ សូម​ប្រយ័ត្ន​ពង​កង្កែប​ព្រោះ​ជា​ពង​​ដែល​ពុល ពេល​ដែល​យើង​ហូប​វា ។

២- បន្ទាប់ពី​លាង​ស្អាត​ហើយ ត្រូវ​កាត់​ដៃ​ និង​ជើង​កង្កែប​ឲ្យ​​បាន​ស្អាត​ល្អ ។ យើង​អាច​កាត់​ជា​ចំណែក​​ទៅ​តាម​ចំណង់ចំណូលចិត្ត​របស់​​យើង ។

៣- ចាប់ផ្តើម​យក​ខ្ទះ​មក​ដាក់​លើ​ចង្ក្រាន ហើយ​ដាក់​ខ្លាញ់​បន្តិច បន្ទាប់មក​ដាក់​គ្រឿង​ដែល​បុក​រួចរាល់​​នោះ​ ទៅ​ក្នុង​ខ្ទះ​ខ្លាញ់ ដោយ​ប្រើ​ភ្លើង​ល្មម ។ នៅ​ពេល​ឆា​បណ្តើរ ចាប់ផ្តើម​ដាក់​គ្រឿង​បណ្តើរ​ដូចជា ទឹកត្រី​បន្តិច,​ ស្ករ​ត្នោត​ឲ្យ​ច្រើន​បន្តិច, និង ប៊ីចេង​បន្តិច ។

៤- រួច​ហើយ​យើង​បន្ត​ឆា​គ្រឿងផ្សំ បាន​ប្រហែល ១ នាទី​ នៅ​ពេល​ដែល​ឃើញ​ថា​គ្រឿងផ្សំ​ស្ងួត​ខ្លាំង អាច​ដាក់​ខ្លាញ់​បន្តិច​ទៀត​បាន ។ បន្ទាប់​មក ចាប់ផ្តើម​ដាក់​កង្កែប​ដែល​លាង​ស្អាត​​រួចរាល់​នោះ​ទៅ​ក្នុង​ខ្ទះ​ដែល​មាន​គ្រឿងផ្សំ​រួចរាល់ យើង​អាច​ដាក់​ទឹកស​បន្តិច​ដើម្បី​កុំ​ឲ្យ​គោក​ពិបាក​ក្នុង​ការ​ឆា ។

៥- ឆា​រហូត​ដល់​កង្កែប​នោះ​ឆ្អិត​សាច់​ល្អ ដោយ​ប្រើ​ភ្លើង​ល្មម​ក្នុង​ការ​ចំអិន ។ នៅ​ពេល​ដែល​ឃើញ​ថា​​កង្កែប​ឆ្អិន​​សាច់​បាន​ល្អ​ហើយ​នោះ យើង​ចាប់ផ្តើម​ដាក់​ត្រកួន​តែ​ម្តង ដោយ​យើង​ដាក់​ទឹកស​​បន្តិច​ទៀត ដើម្បី​អោយ​ម្ហូប​នេះ​មាន​ទឹក​ខ្លះ ។ ឆា​សាច់​កង្កែប​ជាមួយ​ត្រកួន​ចិន​ប្រហែល​តែ ១នាទីតែ​ប៉ុណ្ណោះ ។ ​នោះ​យើង​​អាច​លើក​ចេញ​​ពី​​ខ្ទះ​​បាន ព្រោះ​បើ​យើង​ឆា​យូរ​ពេក និង​ធ្វើ​ឲ្យ​ត្រកួនចិន​​បាត់​បង់​​​សោភ័ណ​ភាព​​ពណ៌​បៃតង​បាន ។

សូម​បញ្ជាក់​ថា ៖ ​ម្ហូប​មួយ​មុខ​នេះ​​អាច​ទទួលទាន​ជាមួយ​នឹង បាយ និង​សម្រាប់​ក្លែម​ផង​ដែរ ​។
_____________________
រៀបរៀង​ដោយ : ស៊ូសាន

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក