អំពី​កំណត់ហេតុ​បណ្ដាញ


សួស្ដី កំណត់ហេតុ​បណ្ដាញ​នេះ កាល​បង្កើត​មុន​ដំបូង​វា​មាន​តំណ​អាសយដ្ឋាន www.akbalthom.blogspot.com តែ​ខ្ញុំ​បាន​ទិញ​ឈ្មោះ domain ទៅ​ជា www.akbalthom.art វិញ ។ កាលពី​មុន​ខ្ញុំ​ធ្លាប់​ប្រើប្រាស់​ domian .com .info ដែល​​ឥឡូវ​នេះ​ខ្ញុំ​បាន​បោះ​បង់​វា​ចោល និង​បាន​ផ្អាក​សរសេរ​មួយ​រយៈ​ធំ សម្រាប់​ទិន្នន័យ​ចាស់​ៗ​ខ្ញុំ​បាន​លុប​វា​ចោល​អស់​ហើយ ។ តែ​ដោយសារ​ថ្មី​ៗនេះ​ក្នុង​ពិភព​អ៊ីនធឺណិត​ទើប​ចេញ ​​.art ដែល​ជា​ពាក្យ​ខ្ញុំ​ពេញ​ចិត្ត​ ជា​ពាក្យ​​ជួយ​លើក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​បន្ត​សរសេរ និង​រចនា​ពុម្ព​អក្សរ​បន្ត​ទៀត ។ ខ្ញុំ​មិន​មែន​ជា​សិល្បករ ​អ្នក​វិចិត្រករ ឬ អ្នក​រចនា​​ធំ​ដុំ​អ្វី​នោះ​ទេ ! ខ្ញុំ​គ្រាន់តែ​មាន​ចំណូល​ចិត្ត​នឹង​ការ​គូរ​រូបរាង​ម៉ូដ​អក្សរ ​រួច​តម្រៀប​ចូល​ក្នុង​កុំព្យូទ័រ​ដែល​និយាយ​ឲ្យ​ខ្លី​គឺ​បង្កើត Font ។

ដំបូង​ខ្ញុំ​សូម​ណែនាំ​ខ្លួន​ខ្ញុំ​ឈ្មោះ នៅ សំណាង ដែល​ក្នុង​អ៊ីនធឺណិត​នេះ​ខ្ញុំ​ប្រើ​ឈ្មោះ​ អាក្បាលធំ / AKbalthom ដែល​​ខ្លី​ងាយស្រួល​ចាំ​វិញ , វា​គឺ​ជា​ឈ្មោះ​ហៅក្រៅ​របស់​ខ្ញុំ​សម្រាប់​អ្នក​ជិត​ដិត តែ​សម្រាប់​ឈ្មោះ​នៅ​ក្នុង​ផ្ទះ​និង​នៅ​ក្នុង​ម្ដុំ​ខ្ញុំ​រស់នៅ​គឺ​គេ​ស្គាល់​ឈ្មោះ​ខ្ញុំ​ថា អាម៉ាប់ វិញ ។ សព្វ​ថ្ងៃ​និង​ទៅ​អនាគត​ ខ្ញុំ​មិន​មាន​ការងារ​ធ្វើ​នោះ​ទេ ខ្ញុំ​ធ្លាប់​ធ្វើការ​តូច​តាច និង​ខ្ចី​លុយ​គេ​យក​មក​រកស៊ី​លក់​អាវ គំនិត​របស់​ខ្ញុំ​មិន​ចង់​ធ្វើការ​ឲ្យ​គេ​នោះ​ទេ រហូត​ដល់​ខ្ញុំ​ធ្លាក់​ខ្លួន​ជំពាក់​បំណុល​គេ​រាប់​ពាន់​ដុល្លារ នេះ​ជា​បទពិសោធន៍​មួយ​ដែល​ខ្ញុំ​ទទួល​បាន ហើយ​ខ្ញុំ​រីករាយ​នឹង​ទទួល​ អ្វី​ដែល​ខ្ញុំ​បាន​ដឹង​ខ្លួន​ឯង​ច្បាស់​គឺ ខ្ញុំ​គ្មាន​ទេពកោសល្យ​ក្នុង​ការ​រកស៊ី​នោះ​ទេ ។ អនាគត​ទៅ​ខ្ញុំ​នឹង​ព្យាយាម​សំឡឹង​រក​មើល​ការ​លក់ដូរ​បន្តិច​បន្តួច ដែល​អាច​សល់​ពេល​វេលា​ខ្លះ​ដើម្បី​រចនា​ពុម្ព​អក្សរ​បន្ត​ទៀត ។ សម្រាប់​គ្រួសារ​ខ្ញុំ​មិន​ចង់​គិត​នោះ​ទេ នេះ​ជា​ផ្លូវ​ដែល​ខ្ញុំ​ត្រូវ​ដើរ ដែល​អ្នក​ដ៏ទៃ​មិន​ប្រាថ្នា​ដើរ ។

ខ្ញុំ​តែងតែ​ព្យាយាម​ធ្វើ​ជា​មនុស្ស​ដែល​គ្មាន​ការ​លាក់លៀម ដូចជា​ពុម្ព​អក្សរ​ខ្មែរ​ដែល​ខ្ញុំ​បាន​រចនា​កន្លង​មក គឺ​ខ្ញុំ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​អស់​រយៈ​ពេល​រាប់​សិប​ឆ្នាំ​មក​ហើយ ហើយ​សង្ឃឹម​ថា​ក្រុមហ៊ុន ដែល​យក​ទៅ​ប្រើប្រាស់​ក្នុង​ផ្លូវ​ពាណិជ្ជកម្ម ពួក​គេ​នឹង​គិតគូរ​ដល់​អ្នក​រចនា​ដូចជា​រូប​ខ្ញុំ​នេះ​មួយ​ដែរ ។ តែ​អ្វីៗ​ត្រូវ​ផ្ទុយ​ស្រឡះ ព្រោះ​ពួក​គេ​ទាំង​នោះ​រវល់​រក​លុយ គ្មាន​ពេល​គិត​ពី​ម្ចាស់​ស្នាដៃ​ដែល​ខំ​ធ្វើ​នោះ​ទេ ពួក​គេ​មិន​ឲ្យ​តម្លៃ ពួក​គេ​មិន​ហ៊ាន​ចែក​ចំណែក​ចំណេញ​ពី​ការ​ប្រើប្រាស់​ពុម្ព​អក្សរ​ឡើយ ។ហើយ​ច្បាប់​ការពារ​កម្មសិទ្ធិ​ក៏​គ្មាន​ទម្ងន់ អាច​និយាយ​បាន​ថា​ខ្ញុំ​កើត​ខុស​ជំនាន់ ។ ថ្វីត្បិត​តែ​ខ្ញុំ​កើត​មិន​ទាន់​សម័យ​មាន​សង្គ្រាម​ក៏​ពិត​មែន តែ​ការ​ប្រយុទ្ធ​ជាមួយ​ការ​លួច​កម្មសិទ្ធិ​ស្នាដៃ​នេះ ក៏​មិន​ធម្មតា​ដែរ ។ ខ្ញុំ​នៅ​តែ​សំងំ​ធ្វើ​រហូត​ដល់​កាលៈទេសៈ​មួយ​ដែល​អំណោយ​ផល​ដល់​ខ្ញុំ​ក្នុង​ការ​បញ្ចេញ​ស្នាដៃ​របស់​ខ្ញុំ ។ ចាប់ពី​ពេល​នេះ​ទៅ​ខ្ញុំ​មិន​ដាក់​ពុម្ព​អក្សរ​របស់​ខ្ញុំ​ឲ្យ​គេ​ប្រើ​ស៊េរី​ដូច​មុន​នោះ​ទេ ។


៙ អំពី​អាក្បាលធំ ៖

- ឈ្មោះ : នៅ សំណាង / Nouv Samnang
- ឈ្មោះ​​ហៅ​ក្នុង​អ៊ីនធឺណិត​ : អាក្បាលធំ / AKbalthom
- ឆ្នាំ​កំណើត : ១៩៨៨
- រស់នៅ​សព្វថ្ងៃ : ​ភ្នំពេញ ប្រទេស​កម្ពុជា
- ចំណូល​ចិត្ត​ : រចនា​ពុម្ព​អក្សរ​ខ្មែរ

Contact:

  • Tel: (Smart) 069 556 887
  • Tel: (Cellcard) 089 556 887
  • Email: akbalthom@gmail.com
  • Website: www.akbalthom.blogspot.com

    Post a Comment

    Whatsapp Button works on Mobile Device only

    វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក